ព្រះត្រៃបិដក ភាគ ៧៧

ពួក​មហាជន​ក្នុង​បច្ចន្ត​ប្រទេស មានចិត្ត​ត្រេកអរ និមន្ត​ព្រះ​តថាគត បាន​នាំគ្នា​ជម្រះ​ផ្លូវ​ជាទី​មក នៃ​ព្រះ​តថាគត​នោះ។ សម័យ​នោះ​ឯង តថាគត​ចេញ​អំពី​អាស្រម​របស់​ខ្លួន កាល​រលាស់​ចីវរ​សម្បកឈើ ហោះ​ទៅ​ឯអាកាស តថាគត​ឃើញ​ជន​កំពុងតែ​ពេញចិត្ត ត្រេកអរ ស្រស់ស្រាយ រីករាយ ក៏​ចុះ​អំពី​អាកាស ហើយ​សួរ​មនុស្ស​ទាំងឡាយ​ក្នុងខណៈនោះ​ថា មហាជន​ត្រេកអរ ស្រស់ស្រាយ រីករាយ ពេញចិត្ត ជម្រះ​ផ្លូវ គន្លង ប្រឡាយ ដើម្បី​អ្នកណា។ ពួក​ជន​ទាំងនោះ ដែល​តថាគត​សួរ​ហើយ ក៏​ឆ្លើយ​ប្រាប់​ថា ព្រះពុទ្ធ​ដ៏​ប្រសើរ​ក្នុង​លោក ជា​ព្រះ​ជិនស្រី ព្រះនាម​ទីបង្ករ ជា​លោកនាយក ទ្រង់​កើតឡើង​ហើយ ពួក​យើងខ្ញុំ​ជម្រះ​ផ្លូវ គន្លង ប្រឡាយ ដើម្បី​ព្រះពុទ្ធ​ទីបង្ករ​នោះ។ បីតិ​កើតឡើង​ដល់​តថាគត ក្នុងខណៈនោះ ព្រោះតែ​ឮពាក្យ​ថា ព្រះពុទ្ធ តថាគត​ទន្ទេញ​ថា ព្រះពុទ្ធ ព្រះពុទ្ធ ដូច្នេះហើយ ក៏បាន​នូវ​សោមនស្ស។
ថយ | ទំព័រទី ២៨ | បន្ទាប់
ID: 637644648528859114
ទៅកាន់ទំព័រ៖