ព្រះត្រៃបិដក ភាគ ៧៧
ប៉ុន្តែតថាគតរំលត់ចិត្ត ដើម្បីរក្សាសីល តថាគត ព្រមទាំងជនជាបរិស័ទ ក៏បរចៀស បើកផ្លូវឲ្យបាបទេវបុត្ត។ កាលតថាគត ព្រមទាំងជនជាបរិស័ទរំលត់ចិត្ត បររថចៀសអំពីផ្លូវហើយ មហាប្រឹថពីក៏ស្រូបបាបទេវបុត្តក្នុងខណៈនោះ។
ចប់ ធម្មទេវបុត្តចរិយា ទី៨។
ជយទិសចរិយា ទី៩
[១៩] មានស្តេចមួយអង្គ ព្រះនាមជយទិស ប្រកបដោយសីលគុណ ក្នុងក្រុងដ៏ឧត្តម ឈ្មោះកប្បិលា ជាក្រុងដ៏ប្រសើរ ក្នុងដែនបញ្ចាល។ តថាគតកើតជាព្រះរាជបុត្តរបស់ស្តេចនោះ ឈ្មោះអលីនសត្តកុមារ ជាអ្នកល្បីល្បាញក្នុងធម៌ មានសីលដ៏ល្អ ប្រកបដោយមហាបុរិសគុណ ជាអ្នករក្សានូវជនជាបរិវារសព្វកាល។ បិតារបស់តថាគត បានទៅប្រពាធម្រឹគ (ក្នុងព្រៃ) ជ្រុលចូលទៅកាន់សំណាក់យក្សឈ្មោះបោរិសាទ យក្សនោះចាប់ស្តេចជយទិស ជាបិតានៃតថាគត (ហើយនិយាយថា) អ្នកត្រូវជាអាហាររបស់យើងហើយ អ្នកកុំកម្រើកឡើយ។
ID: 637644719105151856
ទៅកាន់ទំព័រ៖