ព្រះត្រៃបិដក ភាគ ៧៧

កូន​ព្រានព្រៃ​ទាំងឡាយ បាន​ចោះ​តថាគត​ត្រង់​ច្រមុះ កន្ទុយ ខ្នង និង​ក ហើយ​លើក​តថាគត ដាក់​ក្នុង​សង្រែក រែក​យក​ទៅ។ តថាគត បើ​ប្រាថ្នា​នឹង​ធ្វើ​នូវ​មហាប្រឹថពី ដែល​មាន​សមុទ្រ​ជាទីបំផុត ព្រមទាំង​ព្រៃឈើ ព្រមទាំង​ភ្នំ ឲ្យ​ឆេះ​ខ្ទេច​ទៅជា​ផេះ ដោយ​ខ្យល់​តាម​ច្រមុះ ក្នុង​ទីនោះ​ក៏បាន។ (ប៉ុន្តែ) តថាគត មិន​ខឹង​នឹង​កូន​ព្រានព្រៃ​ទាំងឡាយ ដែល​ចោះ​ដោយ​ដែក​ស្រួច និង​ចាក់​ដោយ​លំពែង​ទាំងឡាយ​ឡើយ នេះ​ជា​សីល​បារមី​របស់​តថាគត។

ចប់ សង្ខ​បាល​ចរិយា ទី១០។


ឧទ្ទាន​នៃ​ចរិយា​នោះ


 សីល​វនា​គចរិយា ១ ភូរិ​ទត្ត​ចរិយា ១ ចម្បេយ្យ​ចរិយា ១ ចូឡ​ពោធិ​ចរិយា ១ មហិស​រាជ​ចរិយា ១ រុ​រុ​មិគ​ចរិយា ១ មា​តង្គ​ចរិយា ១ ទេវធម្ម​បុត្ត​ចរិយា ១ ជយ​ទិស​ចរិយា ១ សង្ខ​បាល​ចរិយា ១។ ចរិយា​ទាំងអស់​នោះ តថាគត​សម្តែង​ហើយ​ថា មាន​សីល​ជា​កម្លាំង ជា​បរិក្ខារ តថាគត​បាន​គ្រង់​គ្រង​ជីវិត រក្សាសីល។ កាល​តថាគត ជា​សង្ខ​បាល​នាគរាជ បាន​ប្រគល់​ជីវិត​ឲ្យ​ដល់​បុគ្គល​ណាមួយ សព្វៗ កាល ហេតុ​នោះ បារមី​នោះ ជា​សីល​បរមត្ថ​បារមី (នៃ​តថាគត)។

ចប់ សីល​បារមី​និទ្ទេស។

ថយ | ទំព័រទី ២៨៣ | បន្ទាប់
ID: 637644720083276946
ទៅកាន់ទំព័រ៖