ព្រះត្រៃបិដក ភាគ ៧៧

ក៏​ត្រិះរិះ​ថា សប្បុរិសធម៌ មាន​ឈាន​ជាដើម​នៃ​តាបស​នេះ មិន​មាន​ទេ តាបស​នេះ ជា​បុគ្គល​ប្រាសចាក​ភាពជា​សមណៈ លះបង់​សុក្កធម៌ គឺ​ហិរិ និង​ឱត្តប្បៈ ព្រោះហេតុតែ​ការ​ចិញ្ចឹមជីវិត។ ក្នុង​បច្ចន្ត​ប្រទេស មាន​ពួក​ចោរ​នៅក្នុង​ព្រៃធំ​បះបោរ បិតា​របស់​តថាគត ទៅ​បង្ក្រាប​បច្ចន្ត​ប្រទេស​នោះ បាន​ផ្តាំ (តថាគត​ថា) ម្នាលកូន ចូរ​បា​កុំ​ធ្វេសប្រហែស ចំពោះ​ជដិល​ដែល​មានត​បៈ​ដ៏​ខ្ពង់ខ្ពស់ ចូរ​បា​ញ៉ាំង​ជដិល​នេះ ឲ្យ​ប្រព្រឹត្តទៅ​តាម​សេចក្តី​ប្រាថ្នា​ចុះ ព្រោះ​តាបស​នោះ ជា​អ្នកឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង។ តថាគត ទៅកាន់​ទី​បម្រើ​តាបស​នោះ បាន​ពោល​នូវ​ពាក្យ​នោះ​ថា ម្នាល​គហបតី អ្នកសុខ​សប្បាយ​ទេ​ឬ ពួក​អ្នកជំនួញ​នាំ (មាស និង​ប្រាក់) មក​ឲ្យ​អ្នក​ដែរ​ឬ។ ព្រោះ​ពាក្យ​ដែល​តថាគត​ពោល​ថា គហបតី កុហក​តាបស​នោះ អាស្រ័យ​នូវ​មានះ ក៏​ខឹង (និយាយ​ថា) ក្នុងថ្ងៃនេះ អាត្មាភាព​នឹង​ឲ្យ​ស្តេច​សម្លាប់​ទ្រង់ ឬឲ្យ​បំបរបង់​ទ្រង់​ចាក​ដែន។ លុះ​ព្រះរាជា​បង្ក្រាប​បច្ចន្ត​ប្រទេស​រួចហើយ (ត្រឡប់​មក​នគរ​វិញ ស្តេច​ចូល​ទៅកាន់​ឧទ្យាន) ទ្រង់​ត្រាស់​សួរ​កុហក​តាបស​ថា (បពិត្រ​លោកម្ចាស់​ដ៏​ចម្រើន) ចុះលោក​ល្មម​អត់ទ្រាំ​បានទេ​ឬ រាជកុមារ​រាប់អាន​លោក​ស្រួលបួល​ទេ​ឬ។
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637644721204370661
ទៅកាន់ទំព័រ៖