ព្រះត្រៃបិដក ភាគ ៧៧
ពពួកសត្វណាមួយលើផែនដី ជាសត្វថោកទាប ឬខ្ពង់ខ្ពស់ និងកណ្តាល សត្វទាំងនោះ ពុំមានការរក្សាឡើយ តែងចម្រើនឡើង ក្នុងផ្ទះរបស់ខ្លួន ជាមួយនឹងពួកញាតិរបស់ខ្លួន ចំឡែកតែខ្ញុំព្រះអង្គ មានការចិញ្ចឹមក្នុងផ្ទះ ជាវិការៈនៃដែកដ៏ចង្អៀតនេះ ចាត់ទុកជាការខ្ពង់ខ្ពស់ក្នុងលោក ខ្ញុំចម្រើនវ័យក្នុងផ្ទះ ជាវិការៈនៃដែក ដែលពុំមានពន្លឺព្រះចន្ទ្រ និងព្រះអាទិត្យ។ ខ្ញុំប្រសូតចេញចាកផ្ទៃនៃមាតា ដែលពេញដោយសាកសព មានក្លិនស្អុយ ហើយត្រូវគេដាក់ក្នុងផ្ទះជាវិការៈនៃដែកទៀត បានសេចក្តីទុក្ខយ៉ាងខ្លាំង ជាងកាលដែលនៅក្នុងផ្ទៃនៃមាតានោះទៅទៀត។ ខ្ញុំបានសេចក្តីទុក្ខអាក្រក់ក្រៃលែង ប្រាកដដូច្នោះ បើខ្ញុំនៅត្រេកអរនឹងរាជ្យ ខ្ញុំជាបុគ្គលថោកទាបបំផុត ជាងបុរសដ៏លាមកទៅទៀត។ ខ្ញុំជាបុគ្គលនឿយណាយនឹងកាយស្អុយ ពុំត្រូវការដោយរាជ្យឡើយ ខ្ញុំសែ្វងរកនូវទីដែលមច្ចុរាជញាំញីមិនបាននោះ ដែលជាទីរំលត់នូវទុក្ខ។ តថាគត លុះគិតយ៉ាងនេះហើយ ពួកមហាជន ក៏យំស្រែក តថាគតកាត់នូវចំណង (គឺតណ្ហា) ហើយចូលកាន់ព្រៃធំ ដូចជាដំរីដ៏ប្រសើរកាត់ផ្តាច់នូវទន្លីង។
ID: 637644721935620636
ទៅកាន់ទំព័រ៖