ព្រះត្រៃបិដក ភាគ ៧៧

មូគ​ផក្ខ​ចរិយា ទី៦


 [២៦] មាន​ចរិយា​ដទៃទៀត កាលដែល​តថាគត​កើតជា​រាជឱរស​នៃ​ព្រះ​បា​ទកាសិ​ករាជ ជន​ទាំងឡាយ មាន​មាតាបិតា​ជាដើម តែង​ហៅ​តថាគត​ថា មូគ​ផក្ខៈ​ផង ថា​តេមិយៈ​ផង។ កាលនោះ ពួក​ស្រីស្នំ (របស់​ព្រះ​បា​ទកាសិ​ករាជ) ចំនួន ១៦ ០០០ មិន​មានកូន​ប្រុស អស់​កាល​កន្លងទៅ​នៃ​ថ្ងៃ និង​យប់​ជាច្រើន គឺ​អស់​ច្រើន​ឆ្នាំ កើត​បានតែ​រាជបុត្រ​មួយ គឺ​តថាគត។ ដោយ​បិតា​របស់​តថាគត បាន​ដោយ​កម្រ​នូវ​តថាគត ជា​កូន​ជាទីស្រឡាញ់ ជា​កូន​មាន​ជាតិ​ខ្ពស់ ទ្រទ្រង់​សេចក្តី​រុងរឿង ព្រះរាជា​ក៏​យក​នូវ​ព្រះ​ស្វេត​ឆ័ត្រ បាំង​តថាគត ចិញ្ចឹម​ឲ្យ​ផ្ទំ​លើ​សិរិ​សយនា។ កាលនោះ តថាគត​ដេកលក់​លើ​វរ​សយនា ហើយ​ភ្ញាក់​ឡើង បានឃើញ​ស្វេត​ឆ័ត្រ គិតថា អញ​ទៅ​នរក ព្រោះតែ​ស្វេត​ឆ័ត្រ​ណា។ សេចក្តី​ភ័យ​តក់ស្លុត​កើតឡើង​ដល់​តថាគត ជាមួយនឹង​ការ​ឃើញ​នូវ​ស្វេត​ឆ័ត្រ​នោះ ពេលនោះ តថាគត​ពិចារណាមើល​ថា ក្នុង​កាលណា​ហ្ន៎ អញ​នឹង​ដោះខ្លួន ឲ្យ​រួចពី​ស្វេត​ឆ័ត្រ​នេះ។
ថយ | ទំព័រទី ២៩៣ | បន្ទាប់
ID: 637644723020620747
ទៅកាន់ទំព័រ៖