ព្រះត្រៃបិដក ភាគ ៧៧
ទេវតាជាសាលោហិតក្នុងកាលមុន ជាអ្នកប្រាថ្នាប្រយោជន៍ដល់តថាគត ទេវតានោះ ឃើញតថាគតបានទុក្ខ ក៏ឲ្យតថាគតប្រកបក្នុងហេតុ ៣ ប្រការ ដូច្នេះថា ចូរអ្នកកុំសម្តែងនូវភាពរបស់ខ្លួនជាបណ្ឌិត ១ ចូរឲ្យសព្វសត្វទាំងឡាយដឹងថាអ្នកជាពាលវិញ ១ ឲ្យពួកជនទាំងពួងមើលងាយអ្នកវិញ ១ ប្រយោជន៍នឹងមានដល់អ្នក ដោយវិធីយ៉ាងនេះ។ កាលទេវតានោះ ពោលយ៉ាងនេះហើយ តថាគតពោលនូវពាក្យនេះថា ម្នាលទេវតា អ្នកពោលនូវពាក្យណានឹងខ្ញុំ ខ្ញុំនឹងធ្វើតាមពាក្យនៃអ្នកនោះ ម្នាលទេវតាជាម៉ែ អ្នកឈ្មោះថា ប្រាថ្នានូវសេចក្តីចម្រើន ប្រាថ្នានូវប្រយោជន៍ដល់ខ្ញុំ។ លុះតថាគតស្តាប់ពាក្យទេវតានោះហើយ ក៏បាននូវទួល គឺទីពឹង ដូចជាបុរស កាលលិចក្នុងសាគរ ហើយបាននូវទីទួល។ តថាគតមានចិត្តត្រេកអរ មានចិត្តសង្វេគ បានអធិដ្ឋាននូវអង្គ ៣ យ៉ាង គឺអធិដ្ឋានជាគ ថ្លង់ និងខ្វិន វៀរចាកដំណើរធម្មតា។ តថាគតអធិដ្ឋាននូវអង្គទាំង ៣ នុ៎ះហើយ នៅអស់ ១៦ ឆ្នាំ លំដាប់ពីនោះមក ជនទាំងឡាយ ច្របាច់ដៃជើង អណ្តាត និងត្រចៀក របស់តថាគតមើល ឃើញថា អវយវៈតថាគត មិនខ្វះខាត ហើយតិះដៀលតថាគតថា ជាបុរសកាឡកណ្ណី។
ID: 637644723204526932
ទៅកាន់ទំព័រ៖