ព្រះត្រៃបិដក ភាគ ៧៧

មាតាបិតា មិនមែន​ជាទី​ស្អប់​របស់​តថាគត​ទេ ទាំង​ខ្លួន​ក៏​មិនមែន​ជាទី​ស្អប់​របស់​តថាគត​ដែរ តែ​សព្វញ្ញុតញ្ញាណ ជាទីស្រឡាញ់​របស់​តថាគត ព្រោះហេតុនោះ បាន​ជាត​ថា​គត​តម្កល់​នូវ​អធិដ្ឋាន​នោះ។ តថាគត​អធិដ្ឋាន​នូវ​អង្គ​ទាំង ៣ នុ៎ះ ហើយ​នៅ​អស់ ១៦ ឆ្នាំ អធិដ្ឋាន​ដទៃ ស្មើដោយ​អធិដ្ឋាន​នេះ មិន​មាន​ឡើយ នេះ​ជា​អធិដ្ឋាន​បារមី​របស់​តថាគត។

ចប់ មូគ​ផក្ខ​ចរិយា ទី៦។


កបិល​រាជ​ចរិយា ទី៧


 [២៧] កាលដែល​តថាគត​កើតជា​ស្តេច​ស្វា សម្រេច​ទីលំនៅ​ជិត​ឆ្នេរ​នៃ​ស្ទឹង​មួយ កាលណោះ តថាគត​ត្រូវ​ក្រពើ​បៀតបៀន ហើយ​មិនបាន​នូវ​ដំណើរ​ចេញទៅ។ តថាគត​ឋិតនៅ​លើ​ខ្នង​ថ្ម​ណា ដែល​តាំងនៅ​ក្នុង​ស្ទឹង ក៏បាន​លោត​អំពី​ត្រើយអាយ ទៅកាន់​ត្រើយនាយ ហើយ​ទំ​លើ​ខ្នង​ថ្ម​នោះ ដែល​មាន​ក្រពើ​នៅ ជាស​ត្រូវ​ឃើញ​គួរខ្លាច។ ក្រពើ​នោះ និយាយ​នឹង​តថាគត​ថា អ្នក​ចូរ​មកវិញ តថាគត​និយាយ​តបនឹង​ក្រពើ​នោះ​ថា អើ​ខ្ញុំ​នឹង​មកវិញ ហើយ​តថាគត​លោត​ជាន់លើ​ក្បាលក្រពើ​នោះ ទៅ​ឋិតនៅ​លើ​ត្រើយនាយ​វិញ។
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637644724137964738
ទៅកាន់ទំព័រ៖