ព្រះត្រៃបិដក ភាគ ៧៧
ភ្លើងព្រៃ ឆេះព្រៃក្នុងគិម្ហសម័យរាល់ៗ ឆ្នាំ អណ្តាតភ្លើងក៏រាលចូលមកជិតលំនៅនៃតថាគត។ អណ្តាតភ្លើងដ៏ធំ កាលធ្វើសំឡេងថា ធុំ ធុំ យ៉ាងនេះ ភ្លើងនោះ ឆេះរាលចូលមករកតថាគតជាលំដាប់។ មាតាបិតាតថាគត ភ័យតក់ស្លុតព្រោះខ្លាចសន្ទុះភ្លើង ក៏លះបង់ចោលតថាគតក្នុងសម្បុក ហើយដោះខ្លួនចេញរួចទៅ។ តថាគត លះបង់នូវជើង និងស្លាប តថាគតមិនមានកម្លាំងកាយ តថាគតជាសត្វមិនមានដំណើរទៅ ក្នុងទីនោះ កាលណោះ គិតយ៉ាងនេះថា អញភ័យតក់ស្លុត ញាប់ញ័រ ស្ទុះទៅរកមាតាបិតាណា បើមាតាបិតាទាំងនោះ លះបង់អញ ចេញទៅហើយ តើក្នុងថ្ងៃនេះ អញត្រូវធ្វើដូចម្តេច។ ព្រះសព្វញ្ញុពុទ្ធ ប្រកបដោយសីលគុណ សច្ចៈ សោចេយ្យៈ (សេចក្តីស្អាត) និងសេចក្តីអាណិត សឹងមានក្នុងលោក (បើដូច្នោះ) អញនឹងធ្វើនូវសច្ចកិរិយាដ៏ឧត្តម ដោយសច្ចៈនោះ។
ID: 637644724779842396
ទៅកាន់ទំព័រ៖