ព្រះត្រៃបិដក ភាគ ៧៧
សម័យនោះ ព្រះមានព្រះភាគ ទ្រង់អនុគ្រោះដល់ពួកវេនេយ្យសត្វ ព្រះអង្គទ្រង់ជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់ពុទ្ធដំណើរទៅអំពីដើមអជបាលនិគ្រោធ។ ព្រះអង្គស្តេចចូលទៅកាន់ក្រុងពារាណសី ដោយព្រះពុទ្ធដំណើរតាមលំដាប់ គ្រានោះ ព្រះមានព្រះភាគ ទ្រង់គង់លើបល្ល័ង្កដ៏ប្រសើរនោះឯង។ ព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រ គឺទុក្ខសច្ច ១ ទុក្ខសមុប្បាទសច្ច ១ និរោធសច្ច ១ មគ្គសច្ចដ៏ឧត្តម ១ ឲ្យប្រព្រឹត្តទៅដល់ពួកបញ្ចវគ្គិយភិក្ខុ។ លុះព្រះមានព្រះភាគ ទ្រង់ញ៉ាំងធម្មចក្រនោះឲ្យប្រព្រឹត្តទៅហើយ គ្រានោះ ពួកឥសី គឺបញ្ចវគ្គិយភិក្ខុទាំងនោះ គឺកោណ្ឌញ្ញៈ ភទ្ទិយៈ វប្បៈ មហានាម អស្សជិ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ក៏បានត្រាស់ដឹងនូវធម៌ក្នុងបឋមសន្និបាត។ គ្រានោះឯង ពួកបញ្ចវគ្គិយភិក្ខុទាំងអស់ ព្រមទាំងពួកព្រហ្ម និងទេវតា ១៨ កោដិ ដែលព្រះមានព្រះភាគ ទ្រង់ណែនាំពន្យល់ដោយធម្មចក្រនោះ និងដោយធម៌ដទៃទៀត ក៏បានលុះសោតាបត្តិផលក្នុងបឋមសន្និបាតនោះ តាមលំដាប់។ ព្រះសាស្តា ស្តេចទៅកាន់ក្រុងរាជគ្រឹះ ដោយពុទ្ធដំណើរតាមលំដាប់។
ID: 637644641920733852
ទៅកាន់ទំព័រ៖