ព្រះត្រៃបិដក ភាគ ៧៧

ពួក​ទេវតា​ប្រគំ​តូរ្យតន្ត្រី​ទិព្វ​ទាំងឡាយ ពួក​មនុស្ស ក៏​ប្រគំ​តូរ្យតន្ត្រី ជា​របស់​មនុស្ស​ទាំងឡាយ ពួក​ទេវតា និង​មនុស្ស​ទាំងពីរ​ក្រុម​នេះ ប្រគំភ្លេង​ដង្ហែ​ព្រះ​តថាគត។ ពួក​ទេវតា​ដែល​ឋិតនៅ​ឰដ៏​អាកាស ក៏​រោយរាយ​ផ្កា​មន្ទារ​វៈ ផ្កាឈូក ផ្កា​បរិ​ច្ឆ​ត្ត​កព្រឹក្ស​ជា​ទិព្វ ឰដ៏​អាកាស អំពី​ទិសតូច​ទិសធំ។ ពួក​ទេវតា​ដែល​ឋិតនៅ​ឰដ៏​អាកាស ក៏​រោយរាយ​លំអិត​ខ្លឹមចន្ទន៍​ទិព្វ​ផង គ្រឿងក្រអូប​ដ៏​ប្រសើរ​ទាំងអស់​ផង អំពី​ទិសតូច​ទិសធំ ឰដ៏​អាកាស។ ពួក​មនុស្ស​ដែល​ឋិតនៅ​លើ​ផែនដី ក៏​រោយរាយ​ផ្កា​ចម្ប៉ា ផ្កា​ស្រល់ ផ្កា​ក្ទម្ព ផ្កា​ខ្ទឹង ផ្កា​បុសនាគ និង​ផ្កា​កា​កេស អំពី​ទិសតូច​ទិសធំ។ តថាគត​រំសាយសក់​ត្រង់​ប្រទេស​នោះ ហើយ​ក្រាល​ចីវរ​សម្បកឈើ និង​កំណាត់​ស្បែក​លើ​ភក់ ហើយ​ដេកផ្កាប់មុខ(អធិដ្ឋាន​ថា) សូម​ព្រះពុទ្ធ ព្រមទាំង​ពួក​សិស្ស ជាន់​អាត្មាអញ​យាង​ទៅចុះ សូមកុំ​ជាន់​ភក់​ឡើយ ការ​មិន​ជាន់លើ​ភក់​នោះ នឹងជា​ប្រយោជន៍​ដល់​អាត្មាអញ។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637644648935733928
ទៅកាន់ទំព័រ៖