ព្រះត្រៃបិដក ភាគ ៧៧
កាលតថាគតដេកលើផែនដី ក៏មានសេចក្តីត្រិះរិះដោយចិត្តយ៉ាងនេះថា បើអាត្មាអញប្រាថ្នាដុតកិលេសទាំងឡាយ របស់អញ ក្នុងថ្ងៃនេះក៏បាន។ តែថាប្រយោជន៍អ្វី អាត្មាអញធ្វើឲ្យជាក់ច្បាស់នូវធម៌ ដោយភេទដែលគេមិនស្គាល់ ក្នុងទីនេះ អាត្មាអញគប្បីដល់នូវសព្វញ្ញុតញ្ញាណ ជាអ្នករួចស្រឡះចាកកិលេស ញ៉ាំងលោក ព្រមទាំងទេវលោក ឲ្យរួចរដោះ (ចាកសង្សារ)។ ប្រយោជន៍អ្វី អាត្មាអញជាបុរស សម្តែងកម្លាំងឆ្លងទៅម្នាក់ឯង អាត្មាអញគួរដល់នូវសព្វញ្ញុតញ្ញាណ ចម្លងមនុស្សលោក ព្រមទាំងទេវលោក។ អាត្មាអញនឹងបានដល់នូវសព្វញ្ញុតញ្ញាណ ចម្លងប្រជុំជនច្រើន ដោយអធិការនេះ ដែលអាត្មាអញធ្វើចំពោះព្រះពុទ្ធ ជាបុរសខ្ពង់ខ្ពស់។ តថាគតនឹងកាត់ខ្សែសង្សារ កម្ចាត់បង់ភពទាំង ៣ ឡើងជិះលើនាវាគឺធម៌ នឹងចម្លងមនុស្សលោក ព្រមទាំងទេវលោក។
ID: 637644649138702995
ទៅកាន់ទំព័រ៖