ព្រះត្រៃបិដក ភាគ ៧៧
កាលតថាគត កើតជាមហោសថបណ្ឌិតក្តី ធនរដ្ឋបណ្ឌិតក្តី កុណ្ឌលបណ្ឌិតក្តី តណ្ឌិលបណ្ឌិតក្តី តិត្តិរៈក្តី សកុណៈក្តីនុ៎ះ បានបំពេញបញ្ញាឧបបារមី។ កាលតថាគត កើតជាវិធុរបណ្ឌិតក្តី ជាសម្ភវកុមារក្តី ទាំងពីរនុ៎ះ បានបំពេញបញ្ញាបារមី កាលតថាគត កើតជាសុរិយព្រាហ្មណ៍ក្តី ជាមាតង្គបណ្ឌិតក្តី ដែលជាសិស្សអាស្រ័យនូវអាចារ្យ ក្នុងកាលមុន ក៏បានបំពេញនូវបញ្ញាបារមីដែរ។ ឯបញ្ញាបរមត្ថបារមីនុ៎ះឯង (តថាគតបានបំពេញ ក្នុងកាលយោនយកកំណើតកើត) ជាសេនកបណ្ឌិត កាលតថាគត កើតប្រាកដជាស្តេចជនក មានសីល មានព្យាយាម មានការប្រឹងប្រែងយ៉ាងមាំ បានបំពេញវីរិយបរមត្ថបារមី កាលតថាគត កើតជាស្តេចស្វា ជាអ្នកគោរពធម៌ ៥ ប្រការ បានបំពេញវីរិយបារមី។ កាលតថាគត កើតជាធម្មបាលកុមារ បានបំពេញខន្តិបារមី ជាគ្រឿងញាំញីដោយធម៌ នូវបុគ្គលមិនប្រកបដោយធម៌ ហៅថាខន្តិឧបបារមី។ កាលតថាគតកើតជាខន្តិវាទីតាបស ស្វែងរកពុទ្ធភូមិ តថាគតបានធ្វើនូវអំពើដ៏កម្រជាច្រើនយ៉ាង ដើម្បីបំពេញនូវខន្តិបរមត្ថបារមី ដោយខន្តិវាទ។
ID: 637644728814373777
ទៅកាន់ទំព័រ៖