ព្រះត្រៃបិដក ភាគ ៧៧
កាលតថាគត កើតជាមូគផក្ខពោធិសត្វ បានបំពេញអធិដ្ឋានបរមត្ថបារមី កាលកើតជាមហាកណ្ហៈ ប្រព្រឹត្តទៅដោយមេត្តា កាលកើតជារាជសោធនៈ (ក៏ប្រព្រឹត្តទៅ) ដោយមេត្តានោះដែរ បារមីទាំងពីរនេះ ហៅថាមេត្តាបារមី។ កាលតថាគត កើតជាស្តេចព្រហ្មទត្ត (ប្រព្រឹត្តទៅ) ដោយសីល កាលកើតជាគណ្ឌិតិណ្ឌកៈនេះ (ក៏បានប្រព្រឹត្តទៅ) ដោយសីលដែរ។ កាលតថាគត កើតជានន្ទៈ បានធ្វើនូវសេចក្តីស្រឡាញ់ (ក្នុងសព្វញ្ញុតញ្ញាណ) បារមីទាំងនោះ ជាឧបបារមី ឯបរមត្ថបារមី បានបំពេញហើយ ក្នុងកាលតថាគតកើតជាស្តេចឯករាជ បារមីដទៃ ប្រាកដស្មើដោយមេត្តាបារមីនេះ ពុំមានឡើយ។ កាលតថាគត កើតជាសេកទាំងពីរ បានបំពេញឧបបារមី កាលកើតជាលោមហំសនៈ បានបំពេញបរមត្ថបារមី ឯបារមី ១០ របស់តថាគតនេះ ជាចំណែកនៃពោធិញ្ញាណដ៏ប្រសើរ។ បារមីទាំងឡាយ មិនលើសអំពី ១០ មិនខ្វះអំពី ១០ បារមីទាំងអស់ ពេញត្រឹម ១០ មិនខ្វះមិនលើស។
ចប់ សមោធានកថា។
ចប់ ចរិយាបិដក។
ID: 637644729328437038
ទៅកាន់ទំព័រ៖