ព្រះត្រៃបិដក ភាគ ៧៧
ព្រះពុទ្ធ ព្រះនាមទីបង្ករ ទ្រង់ជ្រាបច្បាស់នូវលោក ទ្រង់គួរទទួលគ្រឿងបូជាទាំងឡាយ ទ្រង់ឈរក្បែរសីសៈរបស់តថាគត ត្រាស់ពាក្យនេះថា (ម្នាលភិក្ខុទាំងឡាយ) អ្នកទាំងឡាយ ចូរមើលតាបសនេះ ជាជដិលមានតបៈដ៏ខ្ពង់ខ្ពស់ តាបសនេះ នឹងបានត្រាស់ជាព្រះពុទ្ធក្នុងលោក ក្នុងកប្បប្រមាណមិនបាន អំពីកប្បនេះទៅ។ សត្វនេះ នឹងចេញចាកក្រុងឈ្មោះកបិលវត្ថុ ជាទីរីករាយ តម្កល់ព្យាយាម ធ្វើទុក្ករកិរិយា។ សត្វនេះ អង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសដែលនាងសុជាតាថ្វាយក្នុងទីនោះ នឹងចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីនោះ បានទទួលបាយាសទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ នឹងត្រឡប់មកតាមផ្លូវដែលគេតាក់តែងយ៉ាងប្រសើរ (អង្គុយ) ទៀបគល់ពោធិព្រឹក្ស លំដាប់នោះ តាបសមានយសធំនេះ ធ្វើប្រទក្សិណពោធិមណ្ឌល នឹងបានត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ ទៀបគល់អស្សត្ថព្រឹក្ស។
ID: 637644649333702937
ទៅកាន់ទំព័រ៖