ព្រះត្រៃបិដក ភាគ ៧៧

កាល​ព្រះ​លោកនាយក ព្រមទាំង​ព្រះសង្ឃ កន្លង​នូវ​ការ​ឃើញ​របស់​តថាគត​ទៅ តថាគត​ក៏​ក្រោក​ចាកទី​ដេក ហើយ​ពែនភ្នែន​ក្នុង​កាលនោះ។ តថាគត ជា​អ្នកមាន​សេចក្តី​សុខ ដោយ​សេចក្តី​សុខ រីករាយ​ដោយ​បាមោជ្ជៈ ផ្សព្វផ្សាយ​ដោយ​បីតិ អង្គុយពែនភ្នែន​ក្នុង​កាលនោះ។ តថាគត​អង្គុយពែនភ្នែន គិត​យ៉ាងនេះ ក្នុង​កាលនោះ​ថា អាត្មាអញ​ជា​អ្នក​ស្ទាត់​ក្នុង​ឈាន ដល់​នូវ​ត្រើយ​នៃ​អភិញ្ញា។ ក្នុង​លោកធាតុ​ទាំង​មួយ​ពាន់ មិន​មាន​ពួក​ឥសី ស្មើដោយ​អាត្មាអញ​ឡើយ អាត្មាអញ​ឥតមាន​បុគ្គល​ស្មើ​ក្នុង​ឥទ្ធិ​ធម៌​ទាំងឡាយ អញ​បាន​នូវ​សេចក្តី​សុខ​បែបនេះ។ ក្នុង​កាលដែល​តថាគត​អង្គុយពែនភ្នែន គិត​យ៉ាងនេះ ពួក​មហាព្រហ្ម​ដែល​នៅ​អាស្រ័យ​ក្នុង​លោកធាតុ​មួយ​ម៉ឺន ក៏​ញ៉ាំង​សំឡេង​ខ្លាំង​ឲ្យ​លាន់ឮ​ថា លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ និមិត្ត​ទាំងឡាយ​ណា ក្នុង​កាល​ជាទី​ពត់​ភ្នែន​នៃ​ពោធិសត្វ​ទាំងឡាយ ប្រាកដ​ក្នុង​កាលមុន និមិត្ត​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ។ ត្រជាក់​ក៏​ស្ងាត់បាត់​ទៅ ទាំង​ក្តៅ​ក៏​ស្ងប់​រម្ងាប់ និមិត្ត​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637644649996358869
ទៅកាន់ទំព័រ៖