ព្រះត្រៃបិដក ភាគ ៧៧

លោកធាតុ​ទាំង​មួយ​ម៉ឺន ក៏​ឥតមាន​សំឡេង ឥត​វឹកវរ និមិត្ត​ទាំងនោះ ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ខ្យល់​ធំ​ទាំងឡាយ​ក៏​ឈប់​បក់ ស្ទឹង​ទាំងឡាយ​ក៏​ឈប់​ហូរ និមិត្ត​ទាំងនោះ​ក៏​ប្រាកដ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ ផ្កា​ទាំងពួង​ដែល​កើត​លើគោក កើត​ក្នុងទឹក ក៏​រីក​ក្នុងខណៈនោះ ផ្កា​ទាំងអស់​នោះ ក៏​បញ្ចេញ​ផ្កា​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ វល្លិ​ទាំងឡាយ​ក្តី ឈើ​ទាំងឡាយ​ក្តី ទ្រទ្រង់នូវ​ផ្លែ ក្នុងខណៈនោះ វល្លិ និង​ឈើ​ទាំងអស់​នោះ ក៏​បញ្ចេញ​ផ្លែ​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ កែវ​ទាំងឡាយ ដែល​ឋិតនៅ​ឰដ៏​អាកាស​ក្តី ឋិតនៅ​លើ​ផែនដី​ក្តី ដែល​រុងរឿង​ក្នុងខណៈនោះ កែវ​ទាំងនោះ ក៏​រុងរឿង​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។ គ្រឿង​តូរ្យតន្ត្រី​ទាំងឡាយ ជា​របស់​មនុស្ស និង​ជា​ទិព្វ ដែល​ប្រគំ​ក្នុងខណៈនោះ តូរ្យតន្ត្រី​ទាំងពីរ​នោះ ក៏​លាន់ឮ​ឡើង​ក្នុងថ្ងៃនេះ លោក​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ប្រាកដ។
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637644650201515074
ទៅកាន់ទំព័រ៖