ព្រះត្រៃបិដក ភាគ ៧៧
ចំណែកឯពួកសត្វនៅក្នុងរន្ធ ពួកសត្វដេកក្នុងជ្រោះ ក៏ចេញចាកលំនៅរបស់ខ្លួន ពួកសត្វទាំងអស់នោះ ក៏បោះបង់លំនៅចោលក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ សេចក្តីអផ្សុកមិនមានដល់សត្វទាំងឡាយ សត្វទាំងឡាយជាអ្នកត្រេកអរក្នុងខណៈនោះ ពួកសត្វទាំងអស់នោះ ជាអ្នកត្រេកអរក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគទាំងឡាយដ៏ស្រាលៗ ក៏ស្ងប់រម្ងាប់ទៅ ទាំងសេចក្តីស្រេកឃ្លានក៏វិនាសទៅ ការស្ងប់រោគ និងការវិនាសសេចក្តីស្រេកឃ្លានទាំងនោះ ក៏ប្រាកដក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ រោគក៏ស្រាកស្រាន្តទៅ ទោសៈ មោហៈ ក៏បាត់បង់ទៅក្នុងកាលនោះ រោគ និងកិលេសទាំងអស់នោះ ក៏ប្រាសចេញទៅក្នុងថ្ងៃនេះ លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ឯភ័យមិនមានក្នុងកាលនោះ ការមិនមានភ័យនុ៎ះ ក៏ប្រាកដក្នុងថ្ងៃនេះ ព្រោះហេតុនោះ ទើបយើងដឹងថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។
ID: 637644651522765358
ទៅកាន់ទំព័រ៖