ព្រះត្រៃបិដក ភាគ ៧៧
ព្រះពុទ្ធជាអ្នកប្រាជ្ញដ៏ប្រសើរ ទ្រង់គង់នៅក្នុងវេឡុវនមហាវិហារ ព្រះបាទពិម្ពិសារ ទ្រង់ឮដំណឹងនោះហើយ ក៏ស្តេចចូលទៅគាល់ព្រះមានព្រះភាគ។ ព្រះរាជាមានពួកបរិវារច្រើន ចំនួន ១១ ម៉ឺនរូប កាន់ប្រទីប គ្រឿងក្រអូប ធូប និងផ្កាកម្រងជាដើម បូជាព្រះមានព្រះភាគ។ ព្រះមានព្រះភាគ ទ្រង់សម្តែងទោសនៃកាម ក្នុងទីប្រជុំនោះឯង លុះចប់ទេសនា ព្រះរាជាកើតសេចក្តីរីករាយក្នុងកាលនោះ។ ពួកសត្វ ៨ ម៉ឺន ៤ ពាន់រូប បានត្រាស់ដឹងធម៌ ព្រះរាជាជាពុទ្ធបិតា លុះឮដំណឹងនោះហើយ ទើបបញ្ជូនទូត ៩ រូបទៅ។ ទូតទាំងឡាយ ព្រមទាំងបរិវារ ៩ ពាន់ ក៏សូមផ្នួសនឹងព្រះមុនី ពួកទូតទាំងនោះ មានបរិវារ ៩ ពាន់ ក៏បានលុះព្រះអរហត្ត។ ក្នុងកាលជាខាងក្រោយបំផុត កាឡុទាយិមានបរិវារមួយពាន់ កាន់យកភេទជាភិក្ខុហើយ លោកក៏និមន្តព្រះមានព្រះភាគមក។ ព្រះពុទ្ធជាសក្យដ៏ប្រសើរ ទ្រង់ទទួលនិមន្តហើយ ក៏ស្តេចទៅកាន់ផ្លូវធំ ស្តេចទៅជាមួយនឹងភិក្ខុពីរម៉ឺនរូប។
ID: 637644642268233884
ទៅកាន់ទំព័រ៖