ព្រះត្រៃបិដក ភាគ ៧៧
(និមិត្តទាំងនេះ ក៏ប្រាកដដល់សត្វទាំងឡាយ ដើម្បីត្រាស់ដឹងនូវអនុត្តរសម្ពោធិញ្ញាណ) ពួកសត្វពោលថា (បពិត្រសុមេធតាបស) សូមលោកផ្គងព្យាយាមឲ្យមាំមួនឡើង កុំត្រឡប់ កុំថយក្រោយឡើយ ពួកយើងដឹងច្បាស់នូវហេតុនុ៎ះថា លោកនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ តថាគតលុះឮពាក្យរបស់ជនទាំងពីរពួក គឺព្រះពុទ្ធ និងទេវតាទាំងមួយម៉ឺនចក្រវាឡហើយ ក៏ត្រេកអរ ស្រស់ស្រាយ រីករាយ គិតក្នុងកាលនោះយ៉ាងនេះថា ធម្មតាព្រះពុទ្ធទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាបែកជាពីរទេ ព្រះជិនស្រីទាំងឡាយ មិនដែលមានព្រះពុទ្ធដីកាឥតអំពើទេ ព្រះពុទ្ធដីការបស់ព្រះពុទ្ធទាំងឡាយ មិនដែលឃ្លៀងឃ្លាតទេ អាត្មាអញនឹងបានត្រាស់ជាព្រះពុទ្ធប្រាកដ។ ដុំដីដែលគេចោលទៅឰដ៏អាកាស ទៀងតែធ្លាក់មកលើផែនដីវិញយ៉ាងណា ពាក្យរបស់ព្រះពុទ្ធដ៏ប្រសើរទាំងឡាយ ក៏ទៀងទាត់ប្រាកដយ៉ាងនោះដែរ។
ID: 637644651995421342
ទៅកាន់ទំព័រ៖