ព្រះត្រៃបិដក ភាគ ៧៧
កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញខន្តិបារមីទី ៦ ដែលពោធិសត្វទាំងឡាយអំពីបូរាណធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើនូវខន្តិបារមីទី ៦ នេះ ឲ្យមាំមួន អ្នកកុំមានចិត្តបែកជាពីរ ក្នុងខន្តិបារមីនោះ នឹងបានដល់នូវពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី រមែងអត់ទ្រាំចំពោះវត្ថុទាំងពួង ទោះស្អាតក្តី មិនស្អាតក្តី ដែលគេដាក់ចុះហើយ រមែងមិនធ្វើនូវសេចក្តីថ្នាំងថ្នាក់ និងសេចក្តីត្រេកអរឡើយ យ៉ាងណា។ អ្នកក៏គួរអត់ទ្រាំនូវការរាប់អាន និងការមើលងាយ របស់ពួកជនទាំងពួង យ៉ាងនោះដែរ លុះដល់នូវខន្តិបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។
ID: 637644653273390050
ទៅកាន់ទំព័រ៖