ព្រះត្រៃបិដក ភាគ ៧៧
ធម្មតាទឹក រមែងផ្សព្វផ្សាយត្រជាក់ស្មើ ចំពោះជនទាំងល្អទាំងអាក្រក់ រមែងកម្ចាត់បង់នូវធូលី និងមន្ទិលយ៉ាងណា។ អ្នកចូរចម្រើនមេត្តាឲ្យស្មើ ចំពោះមិត្ត និងសត្រូវ យ៉ាងនោះដែរ លុះដល់នូវមេត្តាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណមិនខានឡើយ។ ពុទ្ធធម៌ទាំងឡាយ មិនមែនមានត្រឹមប៉ុណ្ណេះទេ អាត្មាអញនឹងជ្រើសរើសរកពុទ្ធធម៌ដទៃទៀត ដែលជាធម៌ញ៉ាំងពោធិញ្ញាណឲ្យសម្រេច។ កាលនោះ តថាគតកំពុងជ្រើសរើសរក ក៏បានឃើញឧបេក្ខាបារមីទី ១០ ដែលពោធិសត្វទាំងឡាយអំពីបូរាណ ធ្លាប់សេព ធ្លាប់អាស្រ័យមក (ហើយទូន្មានខ្លួនឯងថា ម្នាលសុមេធបណ្ឌិត) អ្នកចូរសមាទាន ធ្វើឧបេក្ខាបារមីទី ១០ នេះ ឲ្យមាំមួន អ្នកគួរជាបុគ្គលដូចជាជញ្ជីងដ៏មាំមួន នឹងបានសម្រេចពោធិញ្ញាណមិនខានឡើយ។ ធម្មតាផែនដី តែងព្រងើយកន្តើយ ចំពោះវត្ថុមិនស្អាតក្តី ស្អាតក្តី ដែលគេដាក់ចុះហើយ តែងវៀរចាកសេចក្តីក្រោធ និងសេចក្តីត្រេកអរ ចំពោះវត្ថុទាំងពីរនោះ យ៉ាងណា
ID: 637644653948233916
ទៅកាន់ទំព័រ៖