ព្រះត្រៃបិដក ភាគ ៧៧
អ្នកចូរធ្វើខ្លួនឲ្យដូចជាជញ្ជីង ចំពោះសុខ និងទុក្ខ សព្វកាល យ៉ាងនោះដែរ អ្នកលុះដល់នូវឧបេក្ខាបារមីហើយ នឹងបានសម្រេចសម្ពោធិញ្ញាណពុំខាន។ ធម៌ទាំងឡាយណា ជាគ្រឿងញ៉ាំងពោធិញ្ញាណឲ្យសម្រេច ធម៌ទាំងនោះ មានក្នុងលោកត្រឹមតែប៉ុណ្ណេះ ពុទ្ធការកធម៌ដទៃ ក្រៅអំពីបារមី ១០ នោះ មិនមានទេ អ្នកចូរតាំងនៅក្នុងបារមីធម៌ទាំង ១០ នោះ ឲ្យមាំមួនចុះ។ កាលតថាគតពិចារណានូវបារមីធម៌ទាំងនេះ ដោយសភាវសរសលក្ខណៈ ផែនដីទាំងមួយម៉ឺនលោកធាតុ ក៏ញាប់ញ័រ ដោយតេជះនៃធម៌។ ផែនដីកម្រើក បន្លឺឡើង ដូចជាឃ្នាបអំពៅ ដែលត្រូវគេគាប ឬចក្កយន្តប្រេង ត្រូវគេគាបហើយ (រមែងវិលញ័រ) យ៉ាងណា ផែនដីក៏ញាប់ញ័រ យ៉ាងនោះដែរ។ បរិស័ទរបស់ព្រះពុទ្ធ មានចំនួនប៉ុន្មាន ក្នុងទីដែលអង្គាសបរិស័ទនោះ ក៏ញាប់ញ័រ ដេកជ្រប់លើផែនដី ក្នុងទីអង្គាសនោះ។ ឆ្នាំងជាច្រើនពាន់ និងក្អមជាច្រើនរយ ក៏ទង្គិចគ្នាបែកខ្ទេចខ្ទីអស់ ក្នុងទីនោះ។
ID: 637644654151827685
ទៅកាន់ទំព័រ៖