ព្រះត្រៃបិដក ភាគ ៧៧
គ្រានោះ សុមេធបណ្ឌិតនុ៎ះ ដែលពួកទេវតា និងមនុស្សទាំងនោះ ស្ងើចសរសើរហើយ ក៏សមាទាននូវបារមីធម៌ទាំង ១០ បំពេញបារមីធម៌ទាំងនោះ ចូលទៅកាន់ព្រៃធំ។
ចប់ សុមេធកថា។
គ្រានេះ ពួកឧបាសកឧបាសិកាទាំងនោះ ញ៉ាំងព្រះលោកនាយក ព្រមទាំងព្រះសង្ឃឲ្យឆាន់រួចហើយ ក៏ដល់នូវព្រះសាស្តាទីបង្ករនោះជាទីពឹង។ ព្រះតថាគត ទ្រង់ញ៉ាំងបុគ្គលខ្លះ ឲ្យតម្កល់នៅក្នុងសរណគមន៍ ញ៉ាំងបុគ្គលខ្លះ ឲ្យតាំងនៅក្នុងសីល ៥ ញ៉ាំងបុគ្គលដទៃទៀត ឲ្យតម្កល់នៅក្នុងសីល ១០។ ព្រះអង្គទ្រង់ប្រទានមគ្គ ដល់បុគ្គលខ្លះ ប្រទានផលដ៏ឧត្តមទាំង ៤ ដល់បុគ្គលខ្លះ ប្រទានបដិសម្ភិទា ជាធម៌ឥតមានអ្វីស្មើ ដល់បុគ្គលខ្លះ។ ព្រះពុទ្ធដ៏ប្រសើរជាងនរៈ ទ្រង់ប្រទានសមាបត្តិ ៨ ដ៏ប្រសើរ ដល់បុគ្គលខ្លះ ប្រទានវិជ្ជា ៣ ដល់បុគ្គលខ្លះ អភិញ្ញា ៦ ដល់បុគ្គលខ្លះ។
ID: 637644655045108741
ទៅកាន់ទំព័រ៖