ព្រះត្រៃបិដក ភាគ ៧៧
កាលដែលព្រះជិនស្រី ទ្រង់យាងទៅក្នុងទីស្ងាត់លើកំពូលភ្នំនារទៈ ពួកព្រះខីណាស្រព ប្រាសចាកមន្ទិល ចំនួន ១០០ កោដិ មកប្រជុំគ្នា (នេះជាសន្និបាត លើកទី ២)។ កាលព្រះមហាមុនីមានព្យាយាមធំ ទ្រង់បវារណាជាមួយនឹងពួកភិក្ខុ ៩០ កោដិ ឰដ៏ភ្នំសុទស្សនៈ (នេះជាសន្និបាតលើកទី ៣)។ សម័យនោះ តថាគត ជាតាបសមានផ្នួងសក់ មានព្យាយាមដ៏ក្លៀវក្លា ត្រាច់ទៅឰដ៏អាកាស ជាអ្នកបានដល់នូវត្រើយនៃអភិញ្ញាទាំង ៥។ ពួកសត្វចំនួន ៣ ម៉ឺន បានត្រាស់ដឹងនូវសច្ចៈ ការត្រាស់ដឹងរបស់សត្វនឹងរាប់ថា ១ ឬ ២ រាប់មិនអស់ឡើយ។ សាសនារបស់ព្រះទីបង្ករមានព្រះភាគ ជាគុណជាតធំទូលាយ មានជនច្រើន ស្តុកស្តម្ភ សាយភាយ គឺព្រះអង្គ ទ្រង់ជម្រះល្អហើយ ក្នុងកាលនោះ។ ពួកព្រះខីណាស្រព ចំនួន ៤ សែនរូប បានលុះអភិញ្ញា ៦ មានឫទ្ធិច្រើន តែងហែហមព្រះពុទ្ធទីបង្ករ ដែលទ្រង់ជ្រាបច្បាស់នូវលោកសព្វកាល។ ក្នុងសម័យនោះ ពួកជនណាមួយ ដែលមិនបានលុះព្រះអរហត្ត នៅជាសេក្ខបុគ្គល លះបង់នូវការកើតជាមនុស្ស ពួកជននោះ រមែងត្រូវគេតិះដៀល។
ID: 637644655430421291
ទៅកាន់ទំព័រ៖