ព្រះត្រៃបិដក ភាគ ៧៧

សាសនា (របស់​ព្រះពុទ្ធ​ទីបង្ករ​នោះ) រីកសាយ​ល្អ រុងរឿង​ដោយ​ពួក​ព្រះអរហន្ត​ខីណាស្រព ជាតា​ទិ​បុគ្គល ប្រាសចាក​មន្ទិល​សព្វកាល។ នគរ​របស់​ព្រះ​សាស្តា ព្រះនាម​ទីបង្ករ ឈ្មោះ​រម្មា​វតី ក្សត្រិយ៍​ព្រះនាម​សុ​ទេវៈ (ជា​ព្រះបិតា) ព្រះ​ជនិកា ព្រះនាម​សុមេធា។ ព្រះ​ជិនស្រី នៅ​គ្រប់គ្រង​ផ្ទះ​អស់ ១ ម៉ឺន​ឆ្នាំ ប្រាសាទ​ដ៏​ខ្ពង់ខ្ពស់ មាន ៣ ខ្នង គឺ​ហង្ស​ប្រាសាទ ១ កោញ្ច​ប្រាសាទ ១ មា​យុរ​ប្រាសាទ ១។ ពួក​នារី ៣ សែន​នាក់ សុទ្ធសឹងតែ​តាក់តែង​យ៉ាង​ល្អ នារី​ឈ្មោះ​បទុមា​នោះ (ជាម​ហេ​សី) ព្រះ​ឱរស ព្រះនាម​ឱស​ភក្ខ​ន្ធ។ ព្រះ​ជិនស្រី​ឃើញ​និមិត្ត​ទាំង ៤ ទ្រង់​ចេញទៅ (បួស) ដោយ​យាន​ដំរី ទ្រង់​ផ្គង​ព្យាយាម​អស់ ១០ ខែ​ឥត​ខ្វះ។ លុះ​ព្រះ​មុនី​មាន​ព្រះទ័យ​ប្រព្រឹត្ត​ព្យាយាម​ហើយ ក៏បាន​ត្រាស់​ជា​ព្រះពុទ្ធ ព្រះ​មហាមុនី​ទីបង្ករ ត្រូវ​ព្រហ្ម​អារាធនា​ហើយ។ ព្រះ​ជិនស្រី​មាន​ព្យាយាម​ធំ ទ្រង់​ញ៉ាំង​ធម្មចក្រ​ឲ្យ​ប្រព្រឹត្តទៅ​ក្នុង​វត្ត​នន្ទៈ ទ្រង់​គង់​ទៀប​គល់​ច្រេស ធ្វើ​នូវ​ការ​ញាំញី​តិរ្ថិយ។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637644655623390263
ទៅកាន់ទំព័រ៖