ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធ ទ្រង់ប្រកាសហើយ នូវការប្រកាសឥន្ទ្រិយពលៈ ពោជ្ឈង្គៈ និងមគ្គសច្ចៈ ដើម្បីប្រយោជន៍ដល់សព្វសត្វទាំងឡាយសព្វកាល។ កាលដែលព្រះកោណ្ឌញ្ញៈ ជាលោកនាយក ទ្រង់សម្តែងធម្មចក្រ ពួកសត្វប្រមាណ ១ សែនកោដិ បានសម្រេចមគ្គផល លើកទី ១។ លំដាប់តអំពីនោះ កាលព្រះអង្គ ទ្រង់សម្តែងធម៌ក្នុងសមាគមនៃមនុស្ស និងទេវតា ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ២។ កាលព្រះលោកនាយក ទ្រង់សម្តែងធម៌ ញាំញីពួកតិរ្ថិយ ពួកសត្វ ៨០ ពាន់កោដិ បានសម្រេចមគ្គផលលើកទី ៣។ ព្រះមហេសីកោណ្ឌញ្ញៈ មានសាវកសន្និបាត ៣ លើក គឺសន្និបាតទី ១ មានព្រះខីណាស្រព ដែលប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង ចំនួន ១ សែនកោដិ សន្និបាតទី ២ មានព្រះខីណាស្រព ១ ពាន់កោដិ សន្និបាតទី ៣ មានព្រះខីណាស្រព ៩០ កោដិ។ ក្នុងសម័យនោះ តថាគតបានកើតជាក្សត្រ មានឈ្មោះថាវិជិតាវី បានញ៉ាំងឥស្សរិយយសឲ្យប្រព្រឹត្តទៅ រហូតដល់សមុទ្រជាទីបំផុត។
ID: 637644656366358813
ទៅកាន់ទំព័រ៖