ព្រះត្រៃបិដក ភាគ ៧៧
ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធនេះ នឹងមានព្រះនាមថា មាយា ព្រះបិតាមានព្រះនាមថា សុទ្ធោទនៈ ឯព្រះពុទ្ធអង្គនេះ មានព្រះនាមថា គោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឈ្មោះឧប្បលវណ្ណា ១ ជាមិនអ្នកមិនមានអាសវៈ ប្រាសចាកតម្រេក មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ពោធិព្រឹក្សរបស់ព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសកជាឧបដ្ឋាកដ៏ប្រសើរ ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១។ ឧបាសិកាជាឧបដ្ឋាយិកាដ៏ប្រសើរ ឈ្មោះនន្ទមាតា ១ ឧត្តរា ១ ព្រះគោតមដ៏ទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ភាសិតរបស់ព្រះសម្ពុទ្ធ ព្រះអង្គមិនមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំនេះហើយ ក៏រីករាយថា បុរសនេះជាពូជពន្លកនៃព្រះពុទ្ធ។
ID: 637644656844952538
ទៅកាន់ទំព័រ៖