ព្រះត្រៃបិដក ភាគ ៧៧
ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺន មានសំឡេងហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថកោណ្ឌញ្ញៈអង្គនេះ គង់នឹងបានជួបចំពោះព្រះភក្ត្រនៃព្រះគោតមអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលនឹងឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់នឹងកាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំយ៉ាងណា យើងទាំងអស់គ្នា បើលះបង់ព្រះជិនស្រីនេះហើយ គង់នឹងបានជួបចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់នូវព្រះតម្រាស់របស់ព្រះសម្ពុទ្ធអង្គនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក កាលញ៉ាំងប្រយោជន៍នោះឲ្យសម្រេច បានថ្វាយរាជសម្បត្តិដ៏ធំ ចំពោះព្រះជិនស្រី លុះថ្វាយរាជសម្បត្តិដ៏ធំហើយ ទើបបួសក្នុងសំណាក់របស់ព្រះអង្គ។ តថាគតបានរៀនព្រះសូត្រ ព្រះវិន័យ និងសត្ថុសាសនាមានអង្គ ៩ ទាំងអស់ ហើយញ៉ាំងសាសនានៃព្រះជិនស្រីឲ្យរុងរឿង។
ID: 637644657073077567
ទៅកាន់ទំព័រ៖