ព្រះត្រៃបិដក ភាគ ៧៧
តថាគតមិនប្រមាទ កាលនៅក្នុងទីនោះ បានសម្រេចអភិញ្ញាបារមី ក្នុងទីអង្គុយ និងទីចង្ក្រម ក៏បានទៅកើតក្នុងព្រហ្មលោក។ ព្រះពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះរម្មវតី មានព្រះបិតាព្រះនាមសុនន្ទៈ ព្រះមាតាព្រះនាមនាងសុជាតាទេវី។ ព្រះអង្គគង់នៅក្នុងកណ្តាលផ្ទះអស់ ១ ម៉ឺនឆ្នាំ ឯប្រាសាទដ៏ប្រសើរសម្រាប់ព្រះអង្គ មាន ៣ គឺរុចិប្រាសាទ ១ សុរុចិប្រាសាទ ១ សុភប្រាសាទ ១។ នារី ៣ សែន មានគ្រឿងប្រដាប់សមរម្យ នារីជាភរិយានោះ ព្រះនាមរុចិទេវី មានព្រះរាជបុត្រ ១ ព្រះអង្គ ព្រះនាមជីវិតសេន។ ព្រះជិនស្រីទ្រង់ឃើញនិមិត្ត ៤ យ៉ាង ទ្រង់ចេញដោយរថយាន ទៅតាំងសេចក្តីព្យាយាម អស់ ១០ ខែឥតខ្វះ។ ព្រះសម្ពុទ្ធ ព្រះនាមកោណ្ឌញ្ញៈ មានព្រះទ័យស្ងប់រម្ងាប់ ព្រះអង្គឧត្តមជាងសត្វទ្វេបាទ មានចក្រប្រព្រឹត្តទៅ មានព្យាយាមច្រើន ត្រូវមហាព្រហ្មអារាធនាក្នុងមហាវ័ន របស់ពួកទេវតា។ ព្រះថេរៈឈ្មោះភទ្ទៈ ១ សុភទ្ទៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអនុរុទ្ធ ជាឧបដ្ឋាករបស់ព្រះពុទ្ធកោណ្ឌញ្ញៈ ទ្រង់ស្វែងរកគុណដ៏ធំ។
ID: 637644657319327617
ទៅកាន់ទំព័រ៖