ព្រះត្រៃបិដក ភាគ ៧៧

សមាគម​ក្នុង​កាលនោះ សុទ្ធតែ​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល សម័យ​នោះ តថាគត​ជា​ព្រាហ្មណ៍​ឈ្មោះ​សុ​រុ​ចិ។ តថាគត​អ្នករៀន​មន្ត ចងចាំ​មន្ត ដល់​នូវ​ត្រើយ​នៃ​វេទ​ទាំង ៣ ចូល​ទៅ​គាល់​ព្រះសម្ពុទ្ធ​អង្គ​នោះ ហើយ​បាន​ដល់​ព្រះ​សាស្តា​ជាទី​ពឹង។ តថាគត​បាន​បូជា​ព្រះសង្ឃ មាន​ព្រះពុទ្ធ​ជា​ប្រធាន ដោយ​គ្រឿងក្រអូប និង​ផ្កាកម្រង លុះ​បូជា​ដោយ​គ្រឿងក្រអូប និង​ផ្កាកម្រង​ហើយ ក៏​ញ៉ាំង​ព្រះភិក្ខុ​សង្ឃ​ឲ្យ​ឆាន់​ស្កប់ស្កល់ ដោយ​ទឹកដោះគោ។ ព្រះសម្ពុទ្ធ ព្រះនាម​មង្គ​លៈ​នោះ ព្រះអង្គ​ឧត្តម​ជាង​សត្វទ្វេបាទ ទ្រង់​ទំនាយ​តថាគត​ថា ក្នុង​រវាង​កប្ប​ប្រមាណ​មិនបាន អំពី​កប្ប​នេះ​ទៅ បុរស​នេះ​នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ សត្វ​នេះ នឹង​ចេញ​អំពី​ក្រុង​កបិលពស្តុ ជាទី​រីករាយ តាំង​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ៦៨ | បន្ទាប់
ID: 637644658316068701
ទៅកាន់ទំព័រ៖