ព្រះត្រៃបិដក ភាគ ៧៧
សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស បានទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរាហើយ ចូលទៅជិតគល់នៃពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេចាត់ចែង។ លំដាប់អំពីនោះទៅ ព្រះជិនស្រី មានយសច្រើន នឹងធ្វើប្រទក្សិណនូវពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតរបស់ព្រះពុទ្ធអង្គនេះ នឹងមានព្រះនាមថាមាយា ព្រះបិតាព្រះនាមថាសុទ្ធោទនៈ ឯបុរសនេះ ជាព្រះពុទ្ធ ព្រះនាមថាគោតម ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងបានជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនោះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់ មានចិត្តតម្កល់មាំ នឹងបានជាអគ្គសាវិកា។
ID: 637644658535130481
ទៅកាន់ទំព័រ៖