ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​មហាមុនី ទ្រង់​មាន​កម្ពស់ ៨៨ ហត្ថ រស្មី​ច្រើន​សែន ផ្សាយ​ចេញ​អំពី​កាយ​ព្រះអង្គ។ ព្រះជន្មាយុ​របស់​ព្រះអង្គ ៩ ម៉ឺន​ឆ្នាំ​ជា​កំណត់ ព្រះអង្គ​ទ្រង់​ឋិតនៅ​ដរាប​នោះ ញ៉ាំង​ពួក​ជន​ច្រើន ឲ្យ​ឆ្លង (វដ្តសង្សារ)។ រលក​ក្នុង​សាគរ គេ​មិន​អាច​រាប់​បាន យ៉ាងណាមិញ សាវ័ក​ទាំងឡាយ របស់​ព្រះអង្គ ក៏​គេ​មិន​អាច​រាប់​បាន យ៉ាងនោះ​ដែរ។ ព្រះ​មង្គល​សម្ពុទ្ធ ជា​លោកនាយក ទ្រង់​បាន​ឋិតនៅ​ដរាបណា មរណៈ​ប្រកបដោយ​កិលេស មិន​មាន​ក្នុង​សាសនា​នៃ​ព្រះអង្គ​ដរាប​នោះ។ ព្រះសម្ពុទ្ធ ទ្រង់​មានយស​ច្រើន​អង្គ​នោះ ទ្រទ្រង់នូវ​គប់ភ្លើង គឺ​ព្រះធម៌ ហើយ​ញ៉ាំង​មហាជន​ឲ្យ​ឆ្លង ដ៏​រុងរឿង ដូចជា​ផ្កាយដុះកន្ទុយ ទ្រង់​បរិនិព្វាន។ ព្រះសម្ពុទ្ធ ទ្រង់​សម្តែង​នូវ​សភាព​ប្រែប្រួល​នៃ​សង្ខារ ដល់​ពួក​មនុស្ស ព្រមទាំង​ទេវតា រុងរឿង​ដូច​គំនរ​ភ្លើង ពុំ​នោះ​សោត ដូច​ព្រះអាទិត្យ​ដែល​ទើបនឹង​អស្តង្គត។ ព្រះ​មង្គល​សម្ពុទ្ធ ទ្រង់​បរិនិព្វាន ក្នុង​ឧទ្យាន​ឈ្មោះ​វេស្ស​រៈ ព្រះ​ស្តូប​របស់​ព្រះ​ជិនស្រី​អង្គ​នោះ មាន​កម្ពស់ ៣០ យោជន៍ មាននៅ​ក្នុង​ទីនោះ​ឯង។

ចប់ មង្គល​ពុទ្ធវង្ស ទី ៣។

ថយ | ទំព័រទី ៧៣ | បន្ទាប់
ID: 637644659471381239
ទៅកាន់ទំព័រ៖