ព្រះត្រៃបិដក ភាគ ៧៧
ព្រះសាស្តា ទ្រង់ស្រោចស្រង់មហាជន ដោយសេចក្តីព្យាយាមនោះយ៉ាងនេះឯង បានញ៉ាំងសត្វ ១ សែនកោដិ ឲ្យត្រាស់ដឹងលើកទី ១។ ព្រះសាស្តា មានព្យាយាមច្រើន ទ្រង់ឲ្យឱវាទពួកតិរ្ថិយ ក្នុងកាលណា កាលនោះ សត្វ ១ សែនកោដិ (បានសម្រេចគុណវិសេស) ក្នុងធម្មទេសនា លើកទី ២។ ពួកទេវតា និងមនុស្ស មានសេចក្តីព្រមព្រៀងគ្នា មានចិត្តស្រួលបួល សួរប្រស្នាក្នុងនិរោធផង សេចក្តីសង្ស័យផង សេចក្តីប្រាថ្នាក្នុងចិត្តផង ក្នុងកាលណា កាលនោះ ពួកសត្វ ៩០ ពាន់កោដិ បានសម្រេចមគ្គផល លើកទី ៣ ក្នុងធម្មទេសនាជាគ្រឿងបំភ្លឺនូវនិរោធ។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាពួកព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ ទាំងមានចិត្តនឹងធឹង។ កាលព្រះមានព្រះភាគ ទ្រង់ចេញវស្សាហើយ កាលភិក្ខុសង្ឃប្រកាសបវារណាហើយ ព្រះតថាគតទ្រង់បវារណាដោយភិក្ខុចំនួនមួយសែនកោដិ (នេះជាសន្និបាតលើក ទី ១)។
ID: 637644660002005434
ទៅកាន់ទំព័រ៖