ព្រះត្រៃបិដក ភាគ ៧៧

ក្នុង​ការប្រជុំ​ដទៃ​អំពី​នោះ​មក មាន​សន្និបាត លើក​ទី ២ នៃ​ព្រះ​ខីណាស្រព ៩០ ពាន់​កោដិ លើ​កញ្ច​នបព៌​ត មិន​មានមន្ទិល។ កាល​សក្កទេវរាជ ចូល​មក​គាល់​ព្រះសម្ពុទ្ធ ជា​សន្និបាត​លើក​ទី ៣ របស់​ព្រះ​ខីណាស្រព ៨០ ពាន់​កោដិ។ ក្នុង​សម័យ នោះ តថាគត​កើតជា​ស្តេច​នាគ មាន​ឫទ្ធិ​ច្រើន មានឈ្មោះ​ថា​អតុ​លៈ ជា​អ្នក​សន្សំ​កុសល។ កាលនោះ តថាគត​ចេញ​អំពី​ភព​នាគ ជាមួយនឹង​ពួក​ញាតិ បាន​ទៅ​បម្រើ​ព្រះ​ជិនស្រី ព្រមទាំង​ព្រះសង្ឃ ដោយ​តន្ត្រី​ជា​ទិព្វ​របស់​នាគ។ តថាគត បាន​ញ៉ាំង​ព្រះភិក្ខុ​សង្ឃ​មួយ​សែន​កោដិ ឲ្យ​ឆាន់​ស្កប់ស្កល់​ដោយ​បាយ ទឹក ហើយ​ថ្វាយ​សំពត់​មួយ​គូៗ មួយ​អង្គ ហើយ​យក​ព្រះភិក្ខុ​សង្ឃ​នោះ​ជាទី​ពឹង។ ព្រះសម្ពុទ្ធ ព្រះនាម​សុ​មនៈ ជា​លោកនាយក​អង្គ​នោះ ទ្រង់ព្យាករ​តថាគត​ថា ក្នុង​កប្ប​មាន​ប្រមាណ​មិនបាន អំពី​កប្ប​នេះ នាគរាជ​នេះ នឹង​បាន​ត្រាស់​ជា​ព្រះពុទ្ធ។ សត្វ​នេះ នឹង​ចេញ​អំពី​ក្រុង​កបិលពស្តុ​ជាទី​រីករាយ ទៅ​តម្កល់​សេចក្តី​ព្យាយាម ធ្វើ​ទុក្ករកិរិយា។
ថយ | ទំព័រទី ៧៦ | បន្ទាប់
ID: 637644660209036801
ទៅកាន់ទំព័រ៖