ព្រះត្រៃបិដក ភាគ ៧៧
ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ ជាអ្នកមិនមានអាសវៈ មិនមានរាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគនោះ ហៅថាអស្សត្ថព្រឹក្ស ឧបាសកឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតម ទ្រង់មានយសអង្គនោះ នឹងមានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា បានស្តាប់ពុទ្ធដីកានេះ របស់ព្រះមហេសី មិនមានបុគ្គលស្មើ ហើយក៏រីករាយថា នាគរាជនេះ នឹងជាពូជពន្លកនៃព្រះពុទ្ធ។ ពួកមនុស្ស ព្រមទាំងទេវតាមួយម៉ឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា យើងទាំងឡាយ បើឃ្វាងមគ្គផលក្នុងសាសនានៃព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំយ៉ាងណា។
ID: 637644660704193352
ទៅកាន់ទំព័រ៖