ព្រះត្រៃបិដក ភាគ ៧៧
យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានសម្រេចក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន ក៏យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យជ្រះថ្លាក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ ព្រះសុមនសម្ពុទ្ធ ទ្រង់ស្វែងរកគុណដ៏ធំ មានទីក្រុងឈ្មោះមេខលៈ មានមហាក្សត្រព្រះនាមសុទត្តៈ ជាព្រះបិតា មានព្រះមាតា ព្រះនាមសិរិមា។ ព្រះអង្គគ្រប់គ្រងព្រះរាជដំណាក់អស់ ៩ ពាន់ឆ្នាំ មានប្រាសាទដ៏ប្រសើរ ៣ គឺចន្ទប្រាសាទ ១ សុចន្ទប្រាសាទ ១ វដំសប្រាសាទ ១។ ពួកនារី ៦៣ សែននាក់ មានរូបប្រដាប់សមរម្យ នារី (ជាអគ្គមហេសី) ព្រះនាមវដំសកី ព្រះរាជបុត្រព្រះនាមអនូបមៈ។ ព្រះជិនស្រីឃើញនិមិត្តទាំង ៤ ហើយទ្រង់ចេញបព្វជ្ជាដោយយានដំរី ទ្រង់តាំងសេចក្តីព្យាយាមអស់ ១០ ខែឥតខ្វះ។
ID: 637644660907005476
ទៅកាន់ទំព័រ៖