ព្រះត្រៃបិដក ភាគ ៧៧
ព្រះមានព្រះភាគ ទ្រង់ស្ទាត់ក្នុងបាដិហារ្យ ៣ យ៉ាង គឺឥទ្ធិបាដិហារ្យ ១ អាទេសនាបាដិហារ្យ ១ អនុសាសនីបាដិហារ្យ ១ ព្រះលោកនាយក ទ្រង់និម្មិតទីចង្ក្រម តាក់តែងដោយរតនៈទាំងអស់ សម្រេចល្អហើយ។
ព្រះអង្គទ្រង់សម្តែង (នូវបាដិហារ្យ) លើទីចង្ក្រម សម្រេចដោយកែវ លើភ្នំសិនេរុដ៏ឧត្តមដោយលំដាប់ ដូចជាសសរនៃលោកធាតុទាំងមួយម៉ឺន។ ព្រះជិនស្រី ទ្រង់និម្មិតទីចង្ក្រម ជាវិការៈនៃមាសសុទ្ធ ត្រង់ខាងនៃទីចង្ក្រមដ៏សម្រេចដោយកែវ កន្លងលោកធាតុមួយម៉ឺន។ ទ្រង់និម្មិតនូវថែវទាំងឡាយ ជាវិការៈនៃមាសសុទ្ធ មានមេដម្បូល និងផ្ទោងប្រព្រឹត្តទៅ ក្រាលដោយក្តារមាស ត្រង់ចំហៀងទាំងសងខាង (នៃរតនចង្ក្រម និងសុវណ្ណចង្ក្រមនោះ)។ ព្រះសម្ពុទ្ធ ទ្រង់និម្មិតរតនចង្ក្រមដ៏ពោរពាសដោយខ្សាច់ ជាវិការៈនៃកែវមណី និងកែវមុក្តា ញ៉ាំងទិសទាំងពួងឲ្យភ្លឺព្រោងព្រាត ហាក់ដូចជាព្រះអាទិត្យរះឡើង។
ID: 637644643506046394
ទៅកាន់ទំព័រ៖