ព្រះត្រៃបិដក ភាគ ៧៧
ព្រះលោកនាយក ព្រះនាមសុមនៈ មានព្រះទ័យស្ងប់រម្ងាប់ ទ្រង់មានចក្រប្រព្រឹត្តទៅ មានព្យាយាមធំ ត្រូវព្រហ្មអារាធនាក្នុងមេខលបុរីដ៏ប្រសើរខ្ពង់ខ្ពស់។ ព្រះថេរៈឈ្មោះសរណៈ ១ ភាវិតត្តៈ ១ ជាអគ្គសាវ័ក ព្រះថេរៈឈ្មោះឧទេន ជាឧបដ្ឋាករបស់ព្រះសម្ពុទ្ធ ព្រះនាមសុមនៈ ទ្រង់ស្វែងរកនូវគុណដ៏ធំ។ ព្រះថេរីឈ្មោះសោណា ១ ឧបសោណា ១ ជាអគ្គសាវិកា ព្រះសម្ពុទ្ធនោះ ស្មើដោយព្រះពុទ្ធ ដែលឥតមានបុគ្គលស្មើ ទ្រង់បានត្រាស់ដឹងទៀបគល់នាគព្រឹក្ស។ ឧបាសកឈ្មោះវរុណៈ ១ សរណៈ ១ ជាអគ្គឧបដ្ឋាក ឧបាសិកាឈ្មោះចាលា ១ ឧបចាលា ១ ជាអគ្គឧបដ្ឋាយិកា។ ឯព្រះសម្ពុទ្ធអង្គនោះ ទ្រង់មានកម្ពស់ ៩០ ហត្ថ មានលំអនៃព្រះរូប ប្រហែលដូចគ្រឿងបូជាមាស ទ្រង់រុងរឿងក្នុងមួយហ្មឺនលោកធាតុ។ ព្រះជន្មាយុ (របស់ព្រះអង្គ) ៩ ហ្មឺនឆ្នាំជាកំណត់ ព្រះអង្គទ្រង់ឋិតនៅដរាបនោះ ទ្រង់ញ៉ាំងប្រជុំជនច្រើន ឲ្យឆ្លង (វដ្តសង្សារ)។
ID: 637644661103411808
ទៅកាន់ទំព័រ៖