ព្រះត្រៃបិដក ភាគ ៧៧
រេវតពុទ្ធវង្ស ទី៥
[៦] កាលខាងក្រោយ អំពីព្រះសម្ពុទ្ធ ព្រះនាមសុមនៈមក មានព្រះលោកនាយក ព្រះនាមរេវតៈ មិនមានបុគ្គលប្រៀប មិនមានបុគ្គលស្មើ មិនមានបុគ្គលថ្លឹងបាន ព្រះអង្គឧត្តម ទ្រង់ឈ្នះពួកមារ។ ព្រះសម្ពុទ្ធអង្គនោះ លុះមហាព្រហ្មអារាធនាហើយ ទ្រង់ប្រកាសធម៌ដ៏កំណត់ដោយខន្ធ និងធាតុ ជាធម៌មិនប្រព្រឹត្តទៅក្នុងភពតូចភពធំ។ ក្នុងការសម្តែងធម៌នៃព្រះរេវតសម្ពុទ្ធនោះ មានការត្រាស់ដឹងមគ្គផល ៣ លើក គឺការត្រាស់ដឹងលើកទី ១ មិនគប្បីពោលដោយការរាប់ចំនួនបាន។ ព្រះមហាមុនី ព្រះនាមរេវតៈ ទ្រង់ទូន្មានព្រះបាទអរិន្ទមៈក្នុងកាលណា កាលនោះ ពួកសត្វមួយពាន់កោដិ បានត្រាស់ដឹងមគ្គផលលើកទី ២។ ព្រះនរាសភៈ ទ្រង់ក្រោកចាកទីពួនសម្ងំ អស់ ៧ ថ្ងៃ ហើយទូន្មានពួកមនុស្ស និងទេវតាមួយរយកោដិ (ឲ្យតាំងនៅ) ក្នុងផលដ៏ឧត្តម លើកទី ៣។
ID: 637644661586224227
ទៅកាន់ទំព័រ៖