ព្រះត្រៃបិដក ភាគ ៧៧

ព្រះសម្ពុទ្ធ ព្រះនាម​រេ​វតៈ ទ្រង់​ស្វែងរក​គុណ​ធំ មាន​សាវក​សន្និបាត ៣ លើក សុទ្ធតែ​ជា​ព្រះ​ខីណាស្រព ប្រាសចាក​មន្ទិល មាន​ព្រះទ័យ​រួច​ស្រឡះ​ដោយ​ប្រពៃ មានចិត្ត​នឹងធឹង គឺ​សន្និបាត​លើក​ទី ១ កន្លង​ផុត​ផ្លូវ​នៃ​ការរាប់ (រាប់​ពុំ​បាន) សន្និបាត​លើក​ទី ២ មាន​ព្រះអរហន្ត​មួយ​សែន​កោដិ។ ព្រះ​អគ្គសាវ័ក​អង្គ​ណា រក​បុគ្គល​ស្មើ​គ្មាន​ដោយ​ប្រាជ្ញា ជា​អ្នក​ប្រព្រឹត្ត​តាម​ធម្មចក្រ​នៃ​ព្រះសម្ពុទ្ធ​អង្គ​នោះ កាលនោះ ព្រះ​អគ្គសាវ័ក​នោះ មាន​ព្យាធិ ដល់​នូវ​ការសង្ស័យ​ក្នុង​ជីវិត។ កាលនោះ ពួក​ព្រះអរហន្ត​ចូល​ទៅ​គាល់​ព្រះ​មុនី ដើម្បី​សាកសួរ​អាពាធ​របស់​ព្រះ​អគ្គសាវ័ក​នោះ មាន​ចំនួន​មួយ​សែន​កោដិ នេះ​ជា​សន្និបាត​លើក​ទី ៣។ សម័យ​នោះ តថាគត​កើតជា​ព្រាហ្មណ៍ ឈ្មោះ​អតិ​ទេវៈ បាន​ចូល​ទៅ​គាល់​ព្រះ​រេ​វត​សម្ពុទ្ធ ហើយ​បាន​យក​ព្រះអង្គ​ជាទី​ពឹង។ តថាគត​បាន​សរសើរ​សីល សមាធិ និង​បញ្ញា គុណ​ដ៏​ប្រសើរ​របស់​ព្រះអង្គ ហើយ​បាន​ថ្វាយ​សំពត់​ឧត្តរាសង្គៈ តាម​កម្លាំង។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637644661789349592
ទៅកាន់ទំព័រ៖