ព្រះត្រៃបិដក ភាគ ៧៧
ព្រះសម្ពុទ្ធ ព្រះនាមរេវតៈ ជាលោកនាយកអង្គនោះ ទ្រង់ព្យាករតថាគតថា ក្នុងកប្បមានប្រមាណមិនបាន អំពីកប្បនេះទៅ ព្រាហ្មណ៍នេះនឹងបានត្រាស់ជាព្រះពុទ្ធ។ សត្វនេះ នឹងចេញអំពីក្រុងកបិលពស្តុជាទីរីករាយ ហើយតាំងសេចក្តីព្យាយាម ធ្វើទុក្ករកិរិយា។ សត្វ (នេះ) នឹងអង្គុយទៀបគល់អជបាលព្រឹក្ស ទទួលបាយាសក្នុងទីនោះ ហើយចូលទៅកាន់ស្ទឹងនេរញ្ជរា។ ព្រះជិនស្រីអង្គនោះ ទ្រង់សោយបាយាស ទៀបឆ្នេរស្ទឹងនេរញ្ជរា ហើយចូលទៅទៀបគល់ពោធិព្រឹក្ស តាមផ្លូវដ៏ប្រសើរ ដែលគេបានចាត់ចែង។ លំដាប់អំពីនោះមក ព្រះទ្រង់យសធំ ទ្រង់ធ្វើប្រទក្សិណពោធិមណ្ឌលដ៏ប្រសើរ ហើយនឹងត្រាស់ដឹងទៀបគល់អស្សត្ថព្រឹក្ស។ ព្រះមាតាបង្កើតនៃព្រះសម្ពុទ្ធអង្គនេះ ព្រះនាមមាយា ព្រះបិតាព្រះនាមសុទ្ធោទនៈ ព្រាហ្មណ៍នេះនឹងបានជាព្រះពុទ្ធ ព្រះនាមគោតម។
ID: 637644662000442942
ទៅកាន់ទំព័រ៖