ព្រះត្រៃបិដក ភាគ ៧៧
ពួកមនុស្ស ព្រមទាំងទេវតា មួយហ្មឺនលោកធាតុ ស្រែកហ៊ោឡើងផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើឃ្វាងមគ្គផលក្នុងសាសនារបស់ព្រះលោកនាថអង្គនេះ គង់នឹងបានសម្រេច ចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះ គង់នឹងបានជួបក្នុងទីចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន យ៉ាងនោះដែរ។ តថាគតបានស្តាប់ព្រះតម្រាស់របស់ព្រះសម្ពុទ្ធនោះហើយ ក៏ធ្វើចិត្តឲ្យត្រេកអរក្រៃពេក បានអធិដ្ឋាននូវវត្តតទៅទៀត ដោយការបំពេញបារមី ១០។ កាលនោះ តថាគតនឹកឃើញ ហើយបានអប់រំពុទ្ធការកធម៌នោះ ទាំងបានបំពេញនូវពុទ្ធការកធម៌នោះ តាមគួរដល់សេចក្តីប្រាថ្នានៃតថាគត។
ID: 637644662447630456
ទៅកាន់ទំព័រ៖