ព្រះត្រៃបិដក ភាគ ៧៧

ព្រះ​ជិនស្រី​អង្គ​នោះ ទ្រង់​ញ៉ាំង​បំណង​ក្នុង​ព្រះទ័យ​ឲ្យ​ប្រព្រឹត្តទៅ ក្នុង​ព្រះដំណាក់​របស់​ព្រះអង្គ ទ្រង់​បានសម្រេច​សម្ពោធិញ្ញាណ​ដោយសព្វគ្រប់ ហើយ​ទ្រង់​សម្តែង​ព្រះ​ធម្មចក្រ។ ខាងលើ​រាប់​អំពី​អវីចិ​នរក​ឡើង​ទៅ ខាងក្រោម​រាប់​អំពី​ភវ​គ្គ​ព្រហ្ម​ចុះ​មក ក្នុង​ចន្លោះ​នេះ ពេញដោយ​បរិស័ទ​តែ​ម៉្យាង ក្នុង​ការ​សម្តែង​ធម្មទេសនា។ កាល​ព្រះសម្ពុទ្ធ ទ្រង់​សម្តែង​ព្រះ​ធម្មចក្រ ដល់​បរិស័ទ​នោះ ការ​ត្រាស់​ដឹង​ធម៌​លើក​ទី ១ គេ​មិន​គប្បី​ពោល​ដោយ​ការរាប់​ចំនួន​បាន​ឡើយ។ លំដាប់​អំពី​នោះ​មក​ទៀត កាល​ព្រះសម្ពុទ្ធ ទ្រង់​សម្តែង​ធម៌​ក្នុង​ទីស​មា​គម​នៃ​មនុស្ស និង​ទេវតា មាន​ពួក​បរិស័ទ ៩ ម៉ឺន​កោដិ ត្រាស់​ដឹង​ធម៌ លើក​ទី ២។ មួយវិញទៀត កាលនោះ ព្រះរាជបុត្រ​ជា​ក្សត្រ ព្រះនាម​ជយ​សេន ដាំ​សួន​វេរ​ថ្វាយព្រះ​សម្ពុទ្ធ។ ព្រះ​ចក្ខុ​មសម្ពុទ្ធ ទ្រង់​ប្រកាស​ការ​បូជា​នៃ​ព្រះបាទ​ជយ​សេន​នោះ ហើយ​សម្តែង​ធម្មទេសនា ក្នុង​កាលនោះ មាន​បរិស័ទ​មួយ​ពាន់​កោដិ ត្រាស់​ដឹង​ធម៌ លើក​ទី ៣។
ថយ | ទំព័រទី ៩០ | បន្ទាប់
ID: 637644663484661824
ទៅកាន់ទំព័រ៖