ព្រះត្រៃបិដក ភាគ ៧៧
ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មានសាវកសន្និបាត ៣ លើក ដែលសុទ្ធតែជាព្រះខីណាស្រព ប្រាសចាកមន្ទិល មានចិត្តស្ងប់រម្ងាប់ មានចិត្តនឹងធឹង គឺកាលព្រះរាជា ព្រះនាមឧគ្គតៈអង្គនោះ ទ្រង់ថ្វាយទានចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងនរជន ក្នុងវេលាថ្វាយទាននោះ មានអរហន្តមួយរយកោដិ និមន្តមកប្រជុំគ្នា (នេះជាសន្និបាត លើកទី ១)។ មួយវិញទៀត មានពួកបរិស័ទថ្វាយទាន ចំពោះព្រះសម្ពុទ្ធថ្លៃថ្លាជាងពួកនរជនក្នុងកាលនោះ មានពួកបរិស័ទ ៩០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ២។ ព្រះជិនស្រី ទ្រង់គង់ក្នុងទេវលោក ហើយស្តេចចុះចាកទេវលោកក្នុងកាលណា កាលនោះ មានពួកបរិស័ទ ៨០ កោដិ (មកប្រជុំគ្នា) នេះជាសន្និបាត លើកទី ៣។ សម័យនោះ តថាគតកើតជាព្រាហ្មណ៍ឈ្មោះសុជាតៈ កាលនោះតថាគតនិមន្តព្រះពុទ្ធ ព្រមទាំងសាវ័ក ឲ្យឆាន់ឆ្អែតស្កប់ស្កល់ ដោយបាយ និងទឹក។
ID: 637644663680130420
ទៅកាន់ទំព័រ៖