ព្រះត្រៃបិដក ភាគ ៧៧
ព្រះថេរៈឈ្មោះកោលិតៈ ១ ឧបតិស្សៈ ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវ័ក ព្រះថេរៈឈ្មោះអានន្ទ នឹងជាឧបដ្ឋាកបម្រើព្រះជិនស្រីអង្គនេះ។ ព្រះថេរីឈ្មោះខេមា ១ ឧប្បលវណ្ណា ១ មិនមានអាសវៈ ប្រាសចាករាគៈ មានចិត្តស្ងប់រម្ងាប់ មានចិត្តតម្កល់មាំ នឹងជាអគ្គសាវិកា។ ឈើសម្រាប់ត្រាស់ដឹងនៃព្រះមានព្រះភាគអង្គនោះ គេហៅថា អស្សត្ថព្រឹក្ស ឧបាសក ឈ្មោះចិត្តៈ ១ ហត្ថាឡវកៈ ១ នឹងជាអគ្គឧបដ្ឋាក។ ឧបាសិកាឈ្មោះនន្ទមាតា ១ ឧត្តរា ១ នឹងជាអគ្គឧបដ្ឋាយិកា ព្រះគោតមទ្រង់យសអង្គនោះ មានព្រះជន្ម ១០០ ឆ្នាំ។ ពួកមនុស្ស និងទេវតា លុះបានស្តាប់ព្រះពុទ្ធដីកានេះ របស់ព្រះសោភិតសម្ពុទ្ធ ឥតមានបុគ្គលស្មើ ទ្រង់ស្វែងរកនូវគុណដ៏ធំ ហើយក៏រីករាយថា ព្រាហ្មណ៍នេះ ជាពូជពន្លកនៃព្រះពុទ្ធ។
ID: 637644664064036701
ទៅកាន់ទំព័រ៖