ព្រះត្រៃបិដក ភាគ ៧៧
ពួកមនុស្ស ព្រមទាំងទេវតា ក្នុងមួយហ្មឺនលោកធាតុ នាំគ្នាស្រែកហ៊ោផង ទះដៃផង សើចផង ធ្វើអញ្ជលីនមស្ការផងថា ពួកយើងបើនឹងឃ្វាងមគ្គផល ក្នុងសាសនារបស់ព្រះលោកនាថនេះ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសាស្តាអង្គនេះ ក្នុងកាលជាអនាគតមិនខាន។ ពួកមនុស្សកាលឆ្លងស្ទឹង បើឃ្វាងកំពង់ចំពោះមុខ គង់កាន់យកកំពង់ខាងក្រោម ហើយឆ្លងស្ទឹងធំ យ៉ាងណា យើងទាំងអស់គ្នា បើឃ្វាងព្រះជិនស្រីអង្គនេះទៅ គង់នឹងបានសម្រេចចំពោះព្រះភក្ត្រនៃព្រះសម្ពុទ្ធអង្គនេះ ក្នុងកាលជាអនាគត ក៏យ៉ាងនោះដែរ។ ចំណែកតថាគត លុះបានស្តាប់ព្រះពុទ្ធដីកា របស់ព្រះសម្ពុទ្ធអង្គនោះ ក៏មានចិត្តត្រេកអរ មានចិត្តតក់ស្លុត ហើយបានធ្វើនូវប្រាជ្ញាឲ្យខ្ពង់ខ្ពស់ ដើម្បីសម្រេចប្រយោជន៍នោះ។ ព្រះសោភិតសម្ពុទ្ធ ទ្រង់ស្វែងរកនូវគុណដ៏ធំ មាននគរឈ្មោះសុធម្មៈ ព្រះមហាក្សត្រ ព្រះនាមសុធម្មៈ ជាព្រះបិតា ព្រះមាតា ព្រះនាមសុធម្មា ព្រះសោភិតសម្ពុទ្ធអង្គនោះ ទ្រង់គ្រប់គ្រងដំណាក់អស់ ៩ ពាន់ឆ្នាំ ប្រាសាទដ៏ប្រសើរ មាន ៣ គឺកុមុទប្រាសាទ ១ នឡិនីប្រាសាទ ១ បទុមប្រាសាទ ១។
ID: 637644664264505695
ទៅកាន់ទំព័រ៖