ព្រះត្រៃបិដក ភាគ ៧៧

ពួក​សត្វ​គ្រាន់តែ​ឃើញ​ព្រះសម្ពុទ្ធ​អង្គ​នោះ ក៏​មាន​សេចក្តី​ត្រេកអរ សត្វ​ទាំងនោះ លុះ​បាន​ស្តាប់​មធុរវាចា ដែល​លាន់ឮ ក៏បាន​ដល់​អមត​និព្វាន។ កាលនោះ ការ​ត្រាស់​ដឹង​ធម៌​របស់​ព្រះអង្គ ក៏​ធំ​ទូលាយ​ផ្សាយ​ទៅ ចំនួន​ពួក​សត្វ ១០០ កោដិ បាន​ត្រាស់​ដឹង ក្នុង​ការ​សម្តែង​ធម៌​លើក​ទី ១។ លំដាប់​អំពី​នោះ​មក កាល​ព្រះសម្ពុទ្ធ បង្អុរ​ចុះ​នូវ​ភ្លៀង​គឺ​ធម៌​ក្នុង​អភិសម័យ ពួក​សត្វ ៨០ កោដិ បាន​ត្រាស់​ដឹង ក្នុង​ការ​សម្តែង​ធម៌​លើក​ទី ២។ តអំពី​នោះ​មក​ទៀត កាល​ព្រះសម្ពុទ្ធ ទ្រង់​បង្អុរ​ចុះ​គ្រាប់​ភ្លៀង គឺ​ធម៌ ទ្រង់​ញ៉ាំង​ពួក​សត្វ​ឲ្យ​ឆ្អែត​ស្កប់ស្កល់ (ដោយ​ធម៌) ពួក​សត្វ ៧៨ កោដិ បានសម្រេច​មគ្គផល​លើក​ទី ៣។ ព្រះ​អនោមទស្សី​អង្គ​នោះ ទ្រង់​ស្វែងរក​នូវ​គុណ​ដ៏​ធំ មាន​សាវក​សន្និបាត ៣ លើក ដែល​សុទ្ធតែ​ជា​ព្រះអរហន្ត បានសម្រេច​អភិញ្ញា​ពលៈ រីក​ពេញដោយ​វិមុត្តិ គឺ​សន្និបាត​លើក​ទី ១ កាលនោះ មាន​ព្រះអរហន្ត ៨ សែន ដែល​មាន​សេចក្តី​ស្រវឹង និង​សេចក្តី​វង្វេង​លះបង់​ហើយ មាន​សន្តាន​ស្ងប់​រម្ងាប់ ទាំង​មានចិត្ត​នឹងធឹង។
ថយ | ទំព័រទី ៩៨ | បន្ទាប់
ID: 637644665216849226
ទៅកាន់ទំព័រ៖