ព្រះត្រៃបិដក ភាគ ៧៧
នារទពុទ្ធវង្ស ទី៩
[១០] ក្នុងកាលជាខាងក្រោយនៃព្រះពុទ្ធ ព្រះនាមបទុមៈមក មានព្រះសម្ពុទ្ធព្រះនាមនារទៈ ទ្រង់ឧត្តមជាងសត្វជើង ២ ឥតមានបុគ្គលស្មើ ឥតមានបុគ្គលប្រៀបផ្ទឹម។ ព្រះអង្គនោះ ជាព្រះរាជបុត្រច្បង ជាព្រះរាជឱរស ជាទីស្រឡាញ់របស់ស្តេចចក្រពត្តិ ទ្រង់បានពាក់នូវកែវមុនី និងគ្រឿងអាភរណៈ ហើយស្តេចចូលទៅកាន់ឧទ្យាន។ ក្នុងឧទ្យាននោះ មានដើមឈើមួយដើម ឈ្មោះមហាសោណព្រឹក្ស ជាឈើសមរម្យ ធំល្អស្អាត ព្រះសម្ពុទ្ធស្តេចទៅដល់នូវដើមឈើនោះហើយ ទ្រង់គង់ខាងក្រោមនៃឈើនោះ។ ព្រះញាណប្រសើររកទីបំផុតគ្មាន មានឧបមាដូចជាកែវវជីរ បានកើតឡើង (ដល់ព្រះអង្គ) ក្នុងទីនោះ ព្រះអង្គពិចារណានូវសង្ខារទាំងឡាយ ដោយព្រះញាណនោះ ដូចជាបុគ្គលដែលផ្កាប់ ឬផ្ងារឡើងនូវភាជនៈ។ ក្នុងទីនោះ ព្រះអង្គទ្រង់បន្សាត់បង់នូវកិលេសទាំងពួង មិនឲ្យសេសសល់ ហើយបានសម្រេចនូវពោធិញ្ញាណទាំងអស់ផង នូវពុទ្ធញ្ញាណទាំង ១៤ ផង។
ID: 637644668473411822
ទៅកាន់ទំព័រ៖