ព្រះត្រៃបិដក ភាគ ៧៧
ព្រះនារទៈ ជាព្រះជិនស្រីដ៏ប្រសើរ ទ្រង់បរិនិព្វានក្នុងព្រះសុទស្សនបុរី ព្រះស្តូបដ៏ប្រសើរមានកម្ពស់ប្រមាណ ៤ យោជន៍។
ចប់ នារទពុទ្ធវង្ស ទី៩។
បទុមុត្តរពុទ្ធវង្ស ទី១០
[១១] ក្នុងកាលខាងក្រោយ អំពីព្រះពុទ្ធ ព្រះនាមនារទៈមក មានព្រះសម្ពុទ្ធព្រះនាមបទុមុត្តរៈ ទ្រង់ឧត្តមជាងសត្វជើងពីរ ទ្រង់ឈ្នះមារ ទ្រង់មិនរំភើប ឧបមាដូចសាគរ។ ព្រះពុទ្ធនេះ ទ្រង់កើតឡើងក្នុងកប្បណា កប្បនោះឈ្មោះមណ្ឌកប្ប ប្រជុំជន មានកុសលដុះឡើងហើយ តែងកើតក្នុងកប្បនោះ។ កាលព្រះមានព្រះភាគ ព្រះនាមបទុមុត្តរៈ ទ្រង់សម្តែងនូវព្រះធម៌ជាដំបូង សត្វទាំងឡាយប្រមាណមួយសែនកោដិ ក៏បានត្រាស់ដឹងនូវមគ្គ និងផល។ លំដាប់តអំពីនោះមក កាលព្រះបរមសម្ពុទ្ធ ព្រះនាមបទុមុត្តរៈ ទ្រង់បង្អុរចុះនូវធម៌ ទ្រង់ញ៉ាំងពួកសត្វឲ្យឆ្អែតស្កប់ស្កល់ ពួកសត្វប្រមាណ ៣ ម៉ឺន ៧ ពាន់ បានត្រាស់ដឹង ក្នុងលើកទី ២។
ID: 637644670087317991
ទៅកាន់ទំព័រ៖